Social Icons

Wednesday, September 4, 2013

អាថ៌កំបាំង​នៅ​ពីក្រោយ​មូលហេតុ​​ដែល​ Microsoft ​ទិញ​យក​​ផលិតផល​​ Nokia​ ​

កាល​ពី​ម្សិលមិញ​​ក្រុមហ៊ុន Software យក្ស Microsoft បាន​ចំណាយ​ទឹកប្រាក់ ៧,២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ ទិញ​យក​ផលិតផល និង​សេវាកម្ម​របស់ Nokia ​​​ហើយ​ប៉ុន្មាន​ក្រោយ​មក​ ក្រុមហ៊ុន Software យក្ស​នេះ ​បាន​​ទម្លាយ​​មូលហេតុដែល​ខ្លួន​ចង់​​ទិញ​យក​ក្រុមហ៊ុន​ទូរសព្ទ​ហ្វាំងឡង់ Nokia។

លោក Steve Elop ជា CEO របស់ Nokia (ឆ្វេង) លោក Steve Ballmer ជា CEO របស់ Microsoft  (ស្ដាំ)
គោល​បំណង​ដែល Microsoft សម្រេច​បោះ​ទឹកប្រាក់​ទិញ​យក Nokia តម្លៃ​ជាង ៧ពាន់​លាន​ដុល្លារ​ដូចនេះ​គឺ​ដោយ​សារ៖
ចង់​ធ្វើ​ជា​ម្ចាស់​ដោយ​ខ្លួន​ឯង​ទាំង​ផ្នែក Hardware និង Software៖

កន្លង​មក Microsoft មាន​ត្រឹម Software សម្រាប់​ផ្ដល់​ឱ្យ Nokia យក​ទៅ​បំពាក់​នៅ​លើ Smartphone ត្រកូល Lumia។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Software យក្ស​នេះ​មាន​គំនិត​ចង់​បាន​ទាំង hardware របស់ Nokia ថែម​ទាំង​ដើម្បី​ងាយស្រួល​អភិវឌ្ឍ​អាច​បង្កើន​សក្ដានុពល​​ផលិតផល​ឱ្យ​រឹតតែ​ ខ្លាំង​ឡើង។
ដើម្បី​ងាយស្រួល​គ្រប់គ្រង Hardware និង​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង៖

សព្វ​ថ្ងៃ Windows Phone ស្ថិត​នៅ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ទទួល​បាន​ប្រជាប្រិយភាព​ដោយ​ ក្ដាប់​បាន​ចំណែក​ទីផ្សារ​ចំណាត់ថ្នាក់​​លេខ ៣។ Microsoft មើល​ឃើញ​បច្ចុប្បន្ន​នេះ ​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ទៅ​លើ mobile OS ជាក់​ស្ដែង​មាន​ដៃ​គូ​ប្រកួតប្រជែង​ធំ​ចំនួន​ពីរ​គឺ iOS និង Android ដែល​ទាំង​ពីរ OS នេះ​សុទ្ធ​តែ​មាន​ក្រុមហ៊ុន​ធំៗ​ឈរ​ពីក្រោយ​គឺ Apple និង Google។ ក្រុមហ៊ុន​ទាំង​ពីរ ​មិន​ត្រឹម​តែ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ខ្លួន​ឯង​នោះ​ទេ តែ​ថែម​ទាំង​គ្រប់គ្រង Hardware ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​ទើប​ទទួល​បាន​ជោគជ័យ​ភាគច្រើន​បែប​នេះ។
Apple ត្រចះត្រចង់​ខ្លាំង​ឡើង ​ដោយ​ទទួល​បាន​លោក Steve Jobs មក​បម្រើការ​ក្រុមហ៊ុន​សារ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោយ​ពេល​ដែល​ក្រុមប្រឹក្សា​នាយក​របស់ Apple បាន​ដក​តំណែង Jobs ពី​ប្រធាន​ចាត់ការ​ចែកចាយ​ម៉ាស៊ីន Macintosh ឆ្នាំ១៩៨៥ ទាំង​ដែល​លោក​ជា​សហ​ស្ថាបនិក​បង្កើត Apple តាំង​ពី​ដំបូង​នៅ​ឆ្នាំ ១៩៧៦ ក្រោម​ឈ្មោះ​ថា Apple Computer Company។
ចំណែក​ឯ Google វិញ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ Smart Device ត្រកូល Nexus ហើយ​បាន​ទិញ​យក​ក្រុមហ៊ុន​ទូរសព្ទ​ដៃ Motorola ថែម​ទៀត​ដើម្បី​ពង្រីក​សក្ដានុពល​ខ្លួន​បន្ថែម។ នេះ​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល Google យក​ចិត្ត​ទុកដាក់​ដើម្បី​បង្កើន​ប្រជាប្រិយភាព​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ខ្លួន​បាន​ថែម​ទៀត​ដែរ។
ចង់​បាន​កម្មសិទ្ធិ​ប៉ាតង់​របស់ Nokia៖

កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ទាំង​ពីរ​យើង​មើល​ទៅ​ មាន​លក្ខណៈជា​​ធម្មតា​ទេ។ Nokia ត្រូវការ​​ជំនួយ​ពី Microsoft រយៈពេល​យូរ​អង្វែង ហើយ Microsoft មិន​ត្រឹមតែ​ចង់​បាន hardware របស់ Nokia ដែល​កំពុង​កាន់កាប់​មក​គ្រប់គ្រង​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្លឹង​ឃើញ​ទៅ​លើ​ប៉ាតង់​ដែល​ជា​កម្មសិទ្ធិ​របស់ Nokia ដែរ។
ស្រប​គ្នា​នេះ​ដែរ មាន​មតិ​ខ្លះ​លើកឡើង​ដោយ​ងឿង​ឆ្ងល់​ថា បើ Nokia លក់​ពាណិជ្ជកម្ម​ឱ្យ Microsoft តើ Smart Device ចេញ​ក្រោយៗ​ទៀត នឹង​បាត់​ឈ្មោះ Nokia ជំនួស​ដោយ Microsoft វិញ​ឬ​យ៉ាង​ណា?
កិច្ចព្រមព្រៀង​ថ្មី​​របស់ Nokia និង Microsoft នេះ​ តើ​នឹង​​បង្កើត​ជា​ក្ដី​ព្រួយបារម្ភ​ដល់ Apple និង Samsung ទៅ​អនាគត​ដែរ​ឬ​ទេ? បើ​តាម​ការ​វិភាគ​មួយ​ចំនួន​លើកឡើង​ថា Microsoft ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកទេស​ខាង Software ហើយ​មាន​ធនធាន​យ៉ាង​បរិបូរណ៍​ ចំណែក Nokia ជា​ក្រុមហ៊ុន​ទូរសព្ទ​ដែល​ល្បី​បើ​ទោះ​ជា​ស្ងាត់​អស់​មួយ​រយៈ​អំឡុង​​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្ដី ក៏​នៅ​ស្ថិត​ក្នុង​ក្រអៅ​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​ដែរ។ សង្កេត​​ឃើញ​មួយ​រយៈ​ចុង​ក្រោយ​នេះ Nokia ហាក់​មាន​សន្ទុះ​លក់ Smartphone កើន​ឡើង​តាម​រយៈ​​ត្រកូល Lumia។ ​ប្រិយមិត្ត​​គិត​អីចឹង​អត់?

0 comments:

Post a Comment